សូមតាមដានស្តាប់កម្មវិធីកសិកម្មតាមបែបធម្មជាតិ តាមរយៈវិទ្យុ​ : វិទ្យុអាស៊ីអាគ្នេយ៏FM106MHzផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 11:00​ ព្រឹក ,វិទ្យុជាតិ FM96 MHz ផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 1:00​​ រសៀល ដល់ម៉ោង 3:00​ រសៀល ,វិទ្យុបាយ័ន FM95 MHz ផ្សាយនៅថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ និងផ្សាយនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 7:30 យប់ ដល់ម៉ោង 8:30 យប់​។

សេដាកជំរុញ​ឲ្យរួមគ្នា​ការពារ​ជញ្ជ្រាំង​ស្រូវ

សេដាកជំរុញ​ឲ្យរួមគ្នា​ការពារ​ជញ្ជ្រាំង​ស្រូវ

Jul 16, 2014

ភ្នំពេញប៉ុស្តិ៍ៈ ជញ្ជ្រាំង​ស្រូវ ដែលមាន​នៅក្នុង​ដីស្រែ នៅ​ស្ទើរពាសពេញ​ផ្ទៃ​ប្រទេស​ បន្ទាប់ពី​ការ​ច្រូតកាត់រួច​ គឺជា​ធនធាន​មួយ​ដ៏​មាន​សារៈ​ប្រយោជន៍ និង​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​ សម្រាប់​កសិករ ជាពិសេស វាជា​ជីធម្មជាតិ​ដ៏​ល្អ ដែល​ជួយ​ឲ្យ​ដី​ផុស និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់​ស្រូវ។ នេះ​បើ​តាម​អត្ថបទ​ផ្សព្វផ្សាយ​មួយ ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា ហៅកាត់ សេដាក ចេញផ្សាយ​កាលពី​ម្សិលមិញ​។

អត្ថបទ​ផ្សព្វផ្សាយ ​របស់​អង្គការ​សេដាក​នេះ គឺ​ធ្វើឡើង ក្នុង​គោល​បំណង ជំរុញ​ឲ្យ​អ្នក​ជាប់ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​នាំគ្នា​ការពារ និង​ប្រើប្រាស់​ជញ្ជ្រាំងស្រូវ​ឲ្យបាន​ល្អប្រសើរ បន្ទាប់ពី​កត់​សម្គាល់​ឃើញថា កន្លង​មក ជញ្ជ្រាំង មិន​ត្រូវ​បាន​ទទួល​ការ​ថែរក្សា​ប៉ុន្មាន​ទេ ក្នុង​ចំណោម​ប្រជាកសិករ​ខ្មែរ​ជាច្រើន រហូតដល់​មាន​ការដុតបំផ្លាញ​ចោល​ក៏មាន​។

លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក ​ត្រូវបាន​ស្រង់​សម្តី នៅក្នុង​អត្ថបទ​ផ្សព្វផ្សាយ​នេះថា ការការពារ​ជញ្ជ្រាំង ពីការដុតបំផ្លាញ​ចោល ហើយ​ទុកវា​ធ្វើការ​ភ្ជួរលុបនៅ​ពេលធ្វើស្រែ​នៅរដូវក្រោយ នឹង​ជួយ​ឲ្យ​ផល​ស្រូវ​កសិករ កើន​បានច្រើន និង​អាចជួយ​កាត់បន្ថយ​នូវការ​ចំណាយ​របស់​កសិករ លើ​ការទិញ​ជី ព្រមទាំង​ធ្វើឲ្យ​ជីជាតិ​ដី អាច​មាន​និរន្តរភាព​ថែមទៀត។ លោក យ៉ង សាំង​កុមារ​បាន ​បញ្ជាក់​ថា៖ «​ផ្ទុយ​ទៅវិញ ការដុត​ជញ្ជ្រាំង​ចោល​ដោយ​ចេតនា ឬ​អចេតនា នាំមក​នូវគុណវិបត្តិ​ជាច្រើន​ដូច​ជា បាត់​បង់​នូវ​សារធាតុ​សរីរាង្គ សម្រាប់​ប្រើជា​ជី​ជំនួយ​ដល់​ដី បាត់​បង់​នូវ​គម្រប​ការ​ពារ​ដី​ពី​កម្តៅ​ថ្ងៃ»។ លើស​ពី​នេះ​ទៅ​ទៀត ចំហេះ​ជញ្ជ្រាំង នាំ​មក​នូវ​កម្តៅ​បន្ថែម និង​ឧស្ម័ន​ផ្សេង​ៗ ជា​ពិសេស​ឧស្ម័ន​កាបូនិក ដែល​អាច​បង្កឲ្យ​មាន​ការ​បំពុល​ដល់​បរិយាកាស និង​បង្កើត​ឲ្យ​មាន​អាកាសធាតុ​ក្តៅហួត​ហែង​។

លោក ឡាច ឃ្លី កសិករ​ម្នាក់​រស់នៅ​ក្នុងភូមិ​ ត្រពាំង​ព្រីង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹងថា ប្រជា​កសិករ នៅ​ក្នុងភូមិ​របស់​លោក តែងតែ​យកចិត្តទុកដាក់​ ការពារ​ជញ្ជ្រាំង​ស្រូវ បន្ទាប់ពី​ការច្រូតកាត់​រួច មិនឲ្យ​មាន​ការ​ដុត​បំផ្លញ​ឡើយ ដោយ​បញ្ជាក់​ថា ​ជញ្ជ្រាំង​ស្រូវ បាន​ផ្តល់​នូវផលប្រយោជន៍​ជាច្រើន​ដូចជា ជួយ​គ្របដី​ពីកម្តៅ​ថ្ងៃ និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់ដីស្រែ។ កសិករ​រូបនេះ បាន​និយាយថា៖ ​«​ខ្ញុំសង្ឃឹមថា ប្រជាកសិករ នឹង​រួមគ្នា​ការពារ​ជញ្ជ្រាំង​ស្រូវ ដើម្បី​ជីជាតិ​ដី នឹង​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​កើន​ឡើង​»​។

ដោយ​រក​ឃើញ​ថា ជញ្ជ្រាំង​ស្រូវ នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន ដល់​កសិករ និង​បរិស្ថាន ​អង្គការ​សេដាក បាន​អំពាវនាវ​ដល់​កសិករ គ្រូ​បង្រៀន និង​អ្នក​ពាក់​ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ​ជួយ​ចាត់វិធានការ​ការពារ​ធន​ធាន​ជញ្ជ្រាំង​ ដែល​មាន​នៅ​គ្រប់​ទិស​ទី​នេះ តាម​រយៈ​ការ​ជំរុញ​ឲ្យ​កសិករ​ ភ្ជួរលុបជញ្ជ្រាំង​ទៅតាម​លទ្ធភាព ​ដែល​អាចធ្វើបាន អប់រំ​កសិករ ជា​ពិសេស​កុមារ និង​យុវជន ឲ្យ​យល់ពី​សារប្រយោជន៍​នៃ​ជញ្ជ្រាំង និង​ណែនាំ​កុំឲ្យ​ពួកគេ​ដុតជញ្ជ្រាំង។ លើសពីនេះ​ទៅទៀត អាជ្ញាធរ​មូលដ្ឋាន​ គួរ​មាន​វិធានការ​ផាក​ពិន័យ ​ក្នុង​កម្រិត​ណា​មួយ ចំពោះ​ជនណា​ ដែល​ដុត​ជញ្ជ្រាំង និង​ចំបើង​នៅ​តាម​វាលស្រែ​ដោយ​ចេតនា៕


ព្រឹត្តិការណ៍ផ្សេងទៀត

Japanese Organic Fertilizer is member of Bayon Heritage Holding Group

# 5A, Street 388, Sangat Toul Svay Prey II, Khan Chamkamorn, Phnom Penh, Cambodia.

Tel: (+855)23-997178/ 12-912812 / 12-583483 / 92-989999
Fax: (+855)23-992243

Email: info@cambodiaagriculture.com

ព្យាករណ៍អាកាសធាតុក្រុងភ្នំពេញ


  • °c - °c



  • °c - °c



  • °c - °c